គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរៀបចំសណ្ដាប់ធ្នាប់ដែលបានជូនដំណឹងទុកពេល៧ថ្ងៃកន្លងមកសម្រេចជាង៩០ភាគរយ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៨:០០នាទី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះរៀបចំសណ្ដាប់ធ្នាប់ ទីតាំងលក់រថយន្ត នៅជុំវិញសួនទីលានប្រជាធិបតេយ្យចាស់ រហូតដល់ផ្សាររាត្រីបន្ទាប់ពីរដ្ឋបាលខណ្ឌបានចេញសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរជូនដំណឹងរយៈពេល៧ថ្ងៃកន្លងមក ។
ក្រោយពេលចេញសេចក្តីជូនដំណឹង និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈបណ្តាញសារព័ត៌មាន ពិសេស បណ្តាញសង្គមហ្វេសប៊ុក រួចមក លោក អភិបាលខណ្ឌ មានប្រសាន៍ថា រថយន្តដាក់តាំងលក់នៅលើអតីតទីលានប្រជាធិបតេយ្យ ក៏ដូចជាបរិវេណផ្សារចាស់បានរើចេញស្ទើរអស់ហើយ អាចនិយាយបានថានៅសល់ត្រឹម១០%ប៉ុណ្ណោះ ។
លោកអភិបាលបានបញ្ជាក់បន្ថែមថា នៅរង្វង់ថ្ងៃច័ន្ទទី២៨ ខែសីហា ឆ្នាំ២០១៧ អាជ្ញាធរនឹងដាក់រថយន្តស្ទូចយករថយន្តណា ដែលម្ចាស់មិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរ ទៅរក្សាទុកនៅសាលាខណ្ឌដូនពេញរយៈ១៤ថ្ងៃ ដោយភ្ជាប់នូវការធ្វើកិច្ចសន្យា ។
រដ្ឋបាលខណ្ឌដូនពេញ សូមថ្លែងអំណរអរគុណ ដល់បងប្អូន ដែលប្រកបអាជីវកម្ម លក់រថយន្តនៅទីតាំងផ្លូវ១០៦-១០៨ ជុំវិញបរិវេណទីលានប្រជាធិបតេយ្យចាស់ រហូតដល់ផ្សាររាត្រី ដែលបានចូលរួមសហការជាមួយរដ្ឋបាលខណ្ឌ ដោយព្រមយករថយន្តទៅចតនៅទីតាំងថ្មី ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងចរាចរក្នុងមូលដ្ឋានរបស់យើងឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាពកាន់តែល្អប្រសើរ និងមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ សាកសមជាទីក្រុងទេសចរណ៍អាស៊ានដ៏ស្រស់បំព្រងថែមទៀត៕
Post a Comment