Header Ads

រដ្ឋបាលខណ្ឌដូនពេញ ប្រកាសទុក១សប្ដាហ៍ឲ្យអ្នកលក់រថយ​ន្ដ នៅជុំវិញទីលានប្រជាធិបតេយ្យ និងក្បែរផ្សាររាត្រី បញ្ឈប់សកម្មភាព និងយករថយន្ដចេញ

ភ្នំពេញ៖ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ ក្នុងឋានៈជាប្រធានគណៈបញ្ជាឯកភាពខណ្ឌ ប្រកាសទុកពេល១សប្ដាហ៍ឲ្យអ្នកលក់ និងគួកជេរថយន្ដនៅជុំវិញទីលានប្រជាធិបតេយ្យ ក្រោយស្ថានទូតអាមេរិក និងក្បែផ្សាររាត្រី ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយយករថយន្ដចេញ បើមិនដូច្នេះទេអាជ្ញាធរនឹងចាត់វិធានការ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ប្រកាសផ្សព្វផ្សាយ​ ក៏ដូចជាជូនដំណឹងដល់ អ្នកលក់រថយន្ដទាំងអស់ នៅតំបន់​ផ្លូវ១០៨ ១០៦ ជុំវិញទីលានប្រជាធិបតេយ្យ និងក្បែរផ្សាររាត្រី ត្រូវយករថយន្ដចេញ ហើយត្រូវបញ្ឈប់សកម្មភាពលក់បែបនេះតទៅទៀត ហើយបើសិនជាក្នុងរយៈពេលកំណត់១សប្ដាហ៍ មិនបានយករថយន្ដតាមការកំណត់នោះទេ អាជ្ញាធរខណ្ឌនឹងស្ទួចរថយន្ដទៅរក្សាទុក ហើយក៏មិនទទួលខុសត្រូវចំពោះការខូចខាតនោះដែរ។

អភិបាលខណ្ឌដូនពេញបានបញ្ជាក់ថា ម្ចាស់រថយន្ដទាំងអស់នោះ ត្រូវរកកន្លែងថ្មីដើម្បីធ្វើអាជីវកម្ម ព្រោះថាកាលលក់ដូចរាល់ថ្ងៃនេះ វាធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ រញែរញ៉ៃតាមដងផ្លូវ និងស្ទះចរាចរណ៍ជាដើម។

សូមជម្រាបថា នាពេលកន្លងទៅថ្មីៗនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាន​សម្រេចប្រគល់ទីតាំង ចាប់ពីមុខព្រះសក្យមុនីចេតីយ៍ រហូតដល់ផ្សាររាត្រី ជូនរដ្ឋបាលខណ្ឌដូនពេញគ្រប់គ្រង និងរៀបចំមិនឲ្យមានការចតលើទ្រូងផ្លូ និងចិញ្ចើមផ្លូវបន្តទៀតទេ៕















No comments

Powered by Blogger.