Header Ads

លោកស្រី សុខ លីណា ម្តាយជនបើករថយន្ត Jeep បង្កគ្រោះថ្នាក់ចរាចរណ៍ បានស្នើសុំដកពាក្យបណ្តឹងរបស់ខ្លួន ដែលបានប្តឹងគ្រួសារជនរងគ្រោះវិញហើយ

 


2024-01-24 07:18pm

(ភ្នំពេញ)៖ លោកស្រី សុខ លីណា ដែលគេស្គាល់ថាជាម្តាយរបស់ជនបើករថយន្ត Jeep បង្កគ្រោះថ្នាក់ចរាចរណ៍ បង្កគ្រោះថ្នាក់ចរាចរណ៍កាលពីខែមុន បានស្នើសុំដកពាក្យបណ្តឹងរបស់ខ្លួន ដែលបានប្តឹងគ្រួសារជនរងគ្រោះពីបទបរិហារកេរ្តិ៍វិញហើយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា។

បណ្តឹងនេះ ត្រូវបានម្តាយជនបង្កដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ដោយបានប្តឹងលើឈ្មោះ គ្រុយ ឈិញលាំង ភេទស្រី (ប្រព័ន្ធជនរងគ្រោះ) និងប្តឹងឈ្មោះ : សៀង សេរីរដ្ឋា ភេទស្រី ឈ្មោះ សៀង មួយអេង ភេទស្រី និងឈ្មោះ សំរិទ្ធ សារុន ភេទប្រុស ដែលជាសាច់ញាតិជនរងគ្រោះ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងជេរប្រមាថជាសាធារណៈ មកលើរូបខ្លួនតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) និងបណ្តាញសារព័ត៌មានជាច្រើន។

អ្នកនាំពាក្យ នៃអយ្យការបានបញ្ជាក់ថា៖ «នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឈ្មោះ សុខ លីណា បានដាក់ពាក្យសុំដកពាក្យបណ្តឹងរបស់ខ្លួនដែល បានប្តឹងខាងលើមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមមាត្រា ៣០ ៣០៩ នៃក្រមព្រហ្មទណ្ឌ ចែងថា ....ពាក្យប្ដឹងរបស់សាមីខ្លួន គឺជាលក្ខខណ្ឌចាំបាច់នៃ ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយការដកពាក្យបណ្តឹងរបស់អ្នកប្តឹងវិញនាំឱ្យបណ្តឹងអាជ្ញារលត់...។ ផ្អែកលើមូលដ្ឋានផ្លូវច្បានច្បាប់នេះ តំណាងអយ្យការបានសម្រេចតម្កល់សំណុំរឿងព្រហ្មទណ្ឌខាងលើទុកឥតចាត់ការ»។

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កកើតឡើងដោយរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ៖ 2CB-9963 បុកជាមួយម៉ូតូមួយគ្រឿង ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះជិះម៉ូតូឈ្មោះ សៀង គឹមហុង ដែលជាកីឡាកផងនោះ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្សល់ទុកប្រពន្ធ និងកូនតូចម្នាក់ឲ្យនៅកំព្រា។ ភាគី​ជិះរថយន្ត Jeep មានឈ្មោះ ​ព្រហ្ម វិចិត្រសុសក្ដា ដែលត្រូវជាកូនរបស់ លោកស្រី សុខ លីណា។

សម្រាប់សាមីខ្លួនជនបង្ក នៅពេលបង្កហេតុបណ្ដាលឲ្យអ្នកដទៃស្លាប់ហើយនោះ មិនព្រមទទួលខុសត្រូវចំពោះមុខច្បាប់ភ្លាមៗនោះទេ ពោលបានព្យាយាមរត់គេច រហូតរឿងរ៉ាវនេះផ្អើលដល់ថ្នាក់ដឹកនាំ ពិសេស លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដោយចេញមកអធិបញ្ជាឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យជនបង្កចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ ខណៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកចាប់ខ្លួន។

រំលងបានមួយថ្ងៃ ក្រោយឃើញដីការបស់តំណាងអយ្យការ ស្រាប់តែក្រុមគ្រួសារជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បាននាំខ្លួនរូបគេមកជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទទួលស្គាល់រាល់កំហុស ដែលខ្លួនបានប្រព្រឹត្ត ដោយបើករថយន្ដធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកដទៃស្លាប់បាត់បង់ជីវិត។ ក្រោយមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនបង្កទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី រហូតចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនរួចរាល់ហើយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ៕

No comments

Powered by Blogger.